Header Ads

រឿង បុរសចេះថ្នាំពិសពស់

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ៣២- ៣៣

មានថ្ងៃមួយ បុរសឈ្មោះសុខ ធ្វើដំណើរទៅកាប់អុសក្នុងព្រៃ ។ លុះទៅដល់ព្រៃ ជាកន្លែងកាប់អុសនោះហើយ ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូល ។ ចៅសុខពិនិត្យមើលហេតុសព្វគ្រប់ទៅឃើញថា ខ្លានេះស្លាប់ដោយពស់ចឹក ព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយ ។ បុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ ក៏ស្រាយថង់យាមយកថ្នាំមកដុះលាបស្រលាបឱ្យ ។ លុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាប ក៏មានសេចក្ដីទោមនស្សនឹងបុរសដែលលាបថ្នាំឱ្យ ហើយស្ដីឱ្យថា «ហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះ!» ។ បុរសនោះឆ្លើយថា  យើងដើរមក បានឃើញបងឯងស្លាប់ដោយពស់ចឹក ហើយយើងដុះថ្នាំស្រលាបលាបឱ្យបងឯងរស់តើ ! ។ ខ្លាថាអញមានស្លាប់អី ពស់ចឹកអញកាលណា ! អញកំពុងដេកលក់ស្រួលទេតើ ! បើដូច្នោះ អញត្រូវប្រហារជីវិតឯងធ្វើជាអាហារ ។ ចៅសុខមានសេចក្ដីតក់ស្លុត នឹងសេចក្ដីស្លាប់ជាខ្លាំង ក៏អង្វរខ្លាថាបងអើយ ! អាណិតយើងផង កុំអាលពិឃាដយើងក្នុងគ្រានេះ ចាំយើងទៅរកអ្នកប្រាជ្ញណាឱ្យគេជំនុំជម្រះឱ្យ បើរកទៅឃើញថាយើងខុស សឹមបងប្រហារជីវិតយើង បើយើងត្រូវ ត្រូវទុកជីវិតយើង ។ ខ្លាក៏ព្រមតាមសេចក្ដីអង្វររបស់ចៅសុខៗវិលមកវិញ ប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថា បងទាំងពីរអាណិតជួយយកអាយុយើងផង ព្រោះខ្លាដែលពស់ចឹកបានរស់ឡើង ដែលយើងដាក់ថ្នាំឱ្យ តែវាប្រាថ្នាប្រហារជីវិតយើង ថាយើងធ្វើឱ្យវាភ្ញាក់ ហើយធ្វើឱ្យប្រឡាក់ខ្លួនវាអស់ ។ សត្វទាំងពីរដឹងសេចក្ដីសព្វគ្រប់ ក៏ពិចារណាទៅឃើញថា តាមពិតត្រូវតែទៅកាត់សេចក្ដីឱ្យបុរសនេះឈ្នះខ្លា ប៉ុន្តែបើអញឱ្យបុរសនេះឈ្នះទៅ មុខជាខ្លាគុំអញ ស៊ីអញជាអាហារពុំលែង ក៏ប្រាប់ទៅចៅសុខថា បងឯងខុសមែនហើយត្រូវឱ្យខ្លាស៊ីទៅ ។ ចៅសុខរឹតតែភ័យឡើងក៏លាសេះនិងក្របី ដើរយ៉ាងលឿនទៅទៀត លុះប្រទះនិងសុភាទន្សាយ ចៅសុខក៏ប្ដឹងតាមដំណើរ ។ សុភាទន្សាយដឹងរឿងសព្វគ្រប់ ក៏ប្រាប់សុខថាឱ្យទៅនិយាយអង្វរខ្លាទៀតទៅ សឹមយើងទៅជួប ។

          គ្រាដែលបុរសនោះ កំពុងជជែកនឹងខ្លា សុភាទន្សាយទៅដល់ ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នាពីរឿងអ្វី ! ។ ខ្លានិងចៅសុខ ក៏បានប្ដឹងតាមដំណើររៀងៗខ្លួន ។

          សុភាទន្សាយ កាត់សេចក្ដីថា បើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែល ឱ្យយូរដូចពីមុន បើដល់ពេលត្រូវភ្ញាក់ ហើយពុំស្លាប់ទេ សឹមបងឯងមកពិឃាដមនុស្សនេះធ្វើជាអាហារចុះ ។ ខ្លាទៅដេកតាមបង្គាប់ ពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់ទៅ ។ សុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថា បងឯងកុំលាបថ្នាំឱ្យវាទៀតប្រាប់ហើយក៏លាចៅសុខទៅលំនៅវិញ ។
ធ្វើ​គុណ​ បាន​ទោស​
Powered by Blogger.