Header Ads

កម្ពុជា​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើង​វិញ

ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:៣០   (29-08-2017 12:30)
រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​(GSP) ជា​កម្មវិធី​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ធាតុ​ចូល​មិន​គិត​ពន្ធ​ដល់​ផលិតផល​ចំនួន​៤.៨០០​ប្រភេទ​ពី​ប្រទេស​គោលដៅ​ដែល​បាន​កំណត់​ចំនួន​១២៩​ប្រទេស ។
ខណៈ​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រកាស​ឲ្យ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​នឹង​ត្រូវ​ទទួលផល​ក្រោម​ច្បាប់​នេះ កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​អា​មេ​រិ​ក​ពិនិត្យ​ឡើង​វិញ​នូវ​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​នេះ​ផង​ដែរ ។
ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Marta Prado នាយក​កិច្ចការ​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក កាលពីដើម​ស​ប្ដា​ហ៍​មុន លោក ឱ​ក ប៊ុ​ង រដ្ឋលេខាធិ​ការ​ក្រសួងពាណិជ្ជកម្ម បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់​បញ្ចូល​មុខទំនិញ​សំខាន់​ៗ​របស់​កម្ពុជា រួម​មាន សម្លៀក​បំពាក់ ផលិតផល​ធ្វើ​អំពី​ឡែ​ន និង​ផលិតផល​ផ្សេង​ទៀត ស្ថិត​នៅ​ក្នុង​លេខ​កូដ​៣៣៨, ៣៣៩, ៣៤៧, ៣៤៨, ៦៤៧, ៦៤៨, ៣៣៤, ៦៣៤, ៦៣៨, ៦៣៩, ៣៣៥ និង​៦៣៥ ឲ្យ​ស្ថិត​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ដើម្បី​ធានា​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពិតប្រាកដ​ពី​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋលេខាធិការ​បាន​ឲ្យ​ដឹង​ថា យោង​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​របស់​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហុងកុង រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​សន្យា​ថា នឹង​ផ្តល់​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្នុង​នោះ​រួម​មាន​កម្ពុជា​ផង​ដែរ នូវ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ឲ្យ​បាន​យ៉ាងតិច​៩៧% ក្នុង​លក្ខខណ្ឌ​ពន្ធគយ​សេរី​-​កូតា​សេរី (GSP-DFQF) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប៉ុន្តែ​គិត​មក​ត្រឹម​ឆ្នាំ​២០១៧​នេះ ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​២​របស់​កម្ពុ​ជាមួយ​នេះ បាន​ផ្តល់​នូវ​ការ​អនុគ្រោះ​ពន្ធ​ត្រឹមតែ​៨២,៦%​ប៉ុណ្ណោះ ។

លោក​រដ្ឋលេខាធិការ​បន្ថែម​ថា មុខទំនិញ​ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​ក្នុង​រង្វង់​៨២,៦%​នោះ មិន​មាន​ផលិតផល​សក្តានុពល​សំខាន់​ៗ​ដែល​កម្ពុជា​អាច​ផលិត និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក ក្នុង​នាម​ជា​ប្រទេស​ក្រីក្រ​ទេ ពោល​គឺ​ផលិតផល​សក្តានុពល​ទាំងនោះ ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា​ដទៃ​ទៀត ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ជាង​កម្ពុជា​ដែរ ។

ការ​លើក​ឡើង​ទៅ​កាន់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នា​ពេល​នេះ ក៏​មានការ​គាំទ្រ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ផង​ដែរ ដោយ​កាលពី​ថ្ងៃ​ទី​២៨ សីហា ម្សិល​មិញ សមាគម​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​គាំទ្រ​ចំពោះ​សំណើ​របស់​ក្រសួងពាណិជ្ជកម្ម ទៅ​កាន់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុង​ការ​ពិចារណា​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​បន្ថែម​ទៀត​ដល់​កម្ពុជា ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម ត្រូវ​បាន​ស្រង់​សម្តី​នៅ​ក្នុងសេចក្តី​ប្រកាស​បញ្ជាក់​ថា GMAC​បាន​គាំទ្រ​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​ស្នើ​សុំ​សហរដ្ឋអាមេរិក​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​GSP​សម្រាប់​កម្ពុជា «​ដើម្បី​ឱ្យ​ប្រទេស​ក្រីក្រ​នេះ​ទទួល​បានការ​ចូល​ទីផ្សារ​បន្ថែម​ទៀត​»

លោក​បាន​មាន​ប្រសាសន៍​ថា ៖« យើង​សូម​អរគុណ​ពួក​គេ [​មន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក​] បាន​ជួប​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បានឃើញ​នូវ​រូបភាព​ពេញលេញ​នៃ​ប្រទេស​កម្ពុជា ។ GMAC គាំទ្រ​សំណើ​របស់​ក្រសួង និង​ចង់​អំពាវនាវ​ដូច​គ្នា​ទៅ​កាន់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក »

« គួរតែ​មានការ​គិតគូរ​ដ៏​សម​ហេតុផល​មួយ​សម្រាប់​កម្ពុជា នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​អនុវត្ត​ល្អ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង ។ ឥឡូវនេះ កម្មករ​បាន​ទទួល​ប្រាក់ខែ​សមរម្យ​ដោយ​អនុញ្ញាត​ឱ្យ​គ្រួសារ​ជា​ច្រើន​ចាក​ចេញពី​ភាព​ក្រីក្រ » ។ នេះ​បើ​តាម​លោក កាំ​ង ម៉ូ​នី​កា ។

លោក​បន្ត​ទៀត​ថា ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​រោងចក្រ គឺជា​លក្ខណៈ​វិនិច្ឆ័យ​សំខាន់​មួយ​ដែល​កំណត់​ដោយ​សហរដ្ឋអាមេរិក នៅ​ពេល​និយាយ​ដល់​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ ។

ចំណែក​លោកស្រី Marta Prado នាយក​កិច្ចការ​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ក៏​បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា​ពិនិត្យ​ឡើង​វិញ​នូវ​មុខទំនិញ​ដែល​កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក ស្រប​ពេល​អា​មេ​រិ​កបាន​និង​កំពុង​ប្រកាស​ឲ្យ​បណ្តា​ប្រទេស​ដែល​នឹង​ត្រូវ​ទទួលផល​ក្រោម​ច្បាប់​របស់​ខ្លួន ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) សម្រាប់ ឆ្នាំ​២០១៧ ។

គួរ​រំលឹក​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ពិនិត្យ​ឡើង​វិញ​ក្នុង​ការ​ផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដល់​បណ្តា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច លើ​ប្រភេទ​មុខទំនិញ​ស្បែកជើង​នៅ​ត្រឹម​ដំណាច់​ខែធ្នូ ខាង​មុខ​នេះ ខណៈ​ខាង​សមាគម GMAC ក៏​កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នានា​ដើម្បី​ដាក់​ញ្ញត្តិ​នា​ពេល​ខាង​មុខ​ផង​ដែរ ។


យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​តំណាង​ឲ្យ​៧៨%​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​កម្ពុជា បាន​កើនឡើង​៧,២% ស្មើនឹង​៧,៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ កើនឡើង​ពី​៦,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ៕

No comments

Powered by Blogger.