Header Ads

កម្ពុជាទាមទារឱ្យអាមេរិកបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអង្គការ WTO

ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:៤៥   (28-08-2017 12:45)
រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ទាមទារ​ឱ្យ​អា​មេ​រិ​ក​បំពេញ​កាតព្វកិច្ច​ដែល​បាន​សន្យា​ក្នុង​នាម​ជា​ប្រទេស​អភិវឌ្ឍន៍​ថា ផ្តល់​ជូន​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដទៃ​ទៀត​នូវ​ការ​អនុគ្រោះ​ពន្ធ​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)
ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​កិច្ចការ​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៤ សីហា កន្លង​មក លោក ឱ​ក ប៊ុ​ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​របស់​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហុងកុង រដ្ឋាភិបាល​អា​មេ​រិ​កបាន​សន្យា​ថា នឹង​ផ្តល់​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (​ក្នុង​នោះ​រួម​មាន​កម្ពុជា​) នូវ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក ឲ្យ​បាន​យ៉ាងតិច​៩៧% ក្នុង​លក្ខ​ខណ្ឌ​ពន្ធគយ​សេរី​-​កូតា​សេរី (GSP-DFQF) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប៉ុន្តែ​គិត​មក​ត្រឹម​ឆ្នាំ​២០១៧​នេះ ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​២​របស់​កម្ពុ​ជា​មួយ​​នេះ បាន​ផ្តល់​នូវ​ការ​អនុគ្រោះ​ពន្ធ​ត្រឹមតែ​៨២,៦%​ប៉ុណ្ណោះ ។
លោក​រដ្ឋលេខាធិការ​បន្ត​ថា ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ធំ​បាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​ទៅ​តាម​ការ​សន្យា​រួចរាល់​ហើយ ក្នុង​នោះ​ប្រទេស​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ន័​រ​វែ​ស និង​ស្វ៊ី​ស បាន​ផ្តល់​នូវ​ការ​អនុគ្រោះ​ពន្ធ​ចំនួន​១០០%, សហគមន៍​អឺរ៉ុប​បាន​ផ្តល់​៩៩% ក្រោម​ក្របខ័ណ្ឌ EBA (Everything But Arms), កា​ណា​ដា​៩៨,៦% ជប៉ុន​៩៧,៩% និង​ចិន​៩៧%​។ ចំណែក​មុខទំនិញ​ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​ក្នុង​រង្វង់​៨២,៦%​នោះ គឺ​មិន​មាន​ផលិតផល​សក្តានុពល​សំខាន់​ៗ​ដែល​កម្ពុជា​អាច​ផលិត និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក ក្នុង​នាម​ជា​ប្រទេស​ក្រីក្រ​ទេ ពោល​គឺ​ផលិតផល​សក្តានុពល​ទាំងនោះ​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា​ដទៃ​ទៀត ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ជាង​កម្ពុជា​ដែរ ។
លោកស្រី Marta Prado នាយក​កិច្ចការ​អាស៊ី​អាគ្នេយ៍  និង​ប៉ា​ស៊ី​ហ្វិ​ក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា​ពិនិត្យ​ឡើង​វិញ​នូវ​មុខទំនិញ​ដែល​កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក ស្រប​ពេល​អា​មេ​រិ​កបាន​និង​កំពុង​ប្រកាស​ឲ្យ​បណ្តា​ប្រទេស​ដែល​នឹង​ត្រូវ​ទទួលផល​ក្រោម​ច្បាប់​របស់​ខ្លួន​ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) សម្រាប់​ឆ្នាំ​២០១៧ ។
ជាមួយ​គ្នា​នេះ ភាគី​សហរដ្ឋអាមេរិក​បាន​ស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ចូលរួម​ពិនិត្យ​បន្ថែម​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ការ​ដោះស្រាយ​វិវាទ ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។
លោក ឱ​ក ប៊ុ​ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់​បញ្ចូល​មុខទំនិញ​សំខាន់​ៗ​របស់​កម្ពុជា រួម​មាន សម្លៀក​បំពាក់ ផលិតផល​ធ្វើ​អំពី​ឡែ​ន និង​ផលិតផល​ចំនួន​១២​ផ្សេង​ទៀត​ឱ្យ​ស្ថិត​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដើម្បី​ធានា​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពិតប្រាកដ​ពី​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ។
ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ចំនួន​១,៥៤​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧​នេះ កើនឡើង​១៤% បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ។ ដោយឡែក ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ​២០១៦​កន្លង​មក ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន​៣,២​ពាន់​លាន​ដុល្លារ ថយ​ចុះ​៧,៣២% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម ។
បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​សហរដ្ឋអាមេរិក​ក្នុង​កម្ពុជា មាន​ចំនួន​ប្រហែល​១៤.៥៥៧.៦៧២​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៤​។ សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​ធំ​បំផុត​ទី​២​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង វាយនភ័ណ្ឌ អង្ករ គ្រឿងសង្ហារិម សម្ភារ​ក្មេង​លេង ជ័រ កៅស៊ូ ផលិតផល​ធញ្ញជាតិ សេ​រ៉ា​មិច ឈើ សត្វ​នៅ​រស់ និង​ចំណី​សត្វ​ជាដើម ។
ចំណែក​ការ​នាំ​ចេញ​ចម្បង​របស់​សហរដ្ឋអាមេរិក​មក​កាន់​ប្រទេស​កម្ពុជា​វិញ មាន​ដូច​ជា យានយន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​វេជ្ជសាស្ត្រ​និង​អគ្គិសនី វាយនភ័ណ្ឌ ក្រដាស ផ្លែ​ឈើ និង​ធញ្ញជាតិ​ជាដើម ។  កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា​ឆ្នាំ​២០១៦ គឺជា​កិច្ច​សន្ទនា​ទ្វេភាគី​សំខាន់​រវាង​រដ្ឋាភិបាល​ទាំង​ពីរ ដើម្បី​ពិភាក្សា​អំពី​ការ​អនុវត្ត​ការ​សន្យា​ទាំងនេះ បញ្ហា​ទាក់ទង​នឹង​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ផ្សេង​ៗ​ទៀត ៕

No comments

Powered by Blogger.