Header Ads

ច្បាប់​ស្រី បទភុជង្គលីលា




● ច្បាប់​ស្រី

បទភុជង្គលីលា

១-  នេះបទកំណត់ចងជា                 ភុជង្គលីលា               ចងជាច្បាប់ស្រី ។

      កាលនាងឥរន្ទវតី                      ចរចាកតាមប្ដី             គឺបុណ្ណកយក្សា ។

      នាងវិមលាជាមាតា                    បើកបន្ទូលថា             ហៃកូនពិសី ។

      នាងនឹងត្រាច់ត្រង់តាមប្ដី             ចេញចាកអំពី             ពិភពនាគនេះ ។

៥- ទៅឋានមនុស្ស​លោកនាយអេះ       ចូរនាងចាំចេះ            បម្រើស្វាមី ។

      ធ្វើវត្តប្រតិបត្តិប្រក្រតី                 កុំឱ្យស្វាមី                 អាក់អន់ចិន្ដា ។

      នាងអើយគម្ដែង​ក្រឡា               ជាម្ចាស់សិរសា           កូនកុំមាក់ងាយ ។

      ហៃកូនស្រីមាស​ម្ដាយ                ក្រណាស់នាងអាយ     តាមដោយច្បាប់ស្រី ។

      ក្រមួយមិនបាន​សម្ដី                  ពាក្យទន់តិចនៃ          ឱ្យញាតិចូលចិត្ត ។

      ១០- ក្រមួយមិនចេះរិះគិត           ឃើញញាតិឆ្ងាយជិត    ហៅឡើងឆីស្លា ។

      ទោះមានមិនមានក្ដីណា              ពាក្យផ្អែមចរចា           ទើបគេស្រឡាញ់ ។

      កុំជួចិត្តស្មូរកំណាញ់                  មិនមានអស់អញ        នឹងញាតិសន្ដាន ។

      កើតយសរបស់ផងបាន              កើតសុខក្សេម​ក្សាន្ដ     ពីព្រោះកូនស្រី ។

      ទោះនឹងនិយាយ​ស្រដី                ការកេរ្តិ៍ជាស្រី             កុំស្ដីឡេះឡោះ ។

១៥- ថាលេងដូចក្មេងញ៉េះញ៉ោះ          ឃើញប្រុសកំលោះ      សសៀរចូលជិត ។

      សើចព្រៀង​បញ្ឆៀងមិនគិត          ប្រុសព្រើលបាន​ចិត្ត     វាហ៊ានដោយសារ ។

      ហៅស្រីអប្រីយ៍​ឥតការ               ឥតមានឥរិយា            មារយាទក្នុងខ្លួន ។

      សើរើពុំធ្វើនឹងនួន                      ស្រដីមិនមួន              មិនមានអៀនអន់ ។

      ឃើញគេបៀតបែរ​គយគន់           សើចសួរចំអន់            ចំអកឱ្យប្រុស ។

២០- ហៅស្រីអប្រីយ៍ទុយ៌ស              មិនខ្លាចខ្លួនខុស         មារយាទក្រឹត្យក្រម ។

      ធ្វើការអង្គុយច្រឡំ                     នឹងសមពុំសម           ផ្សាឯងជាស្រី ។

      មិនកោតមិនខ្លាចចិត្តប្ដី               ឱ្យប្រុសដទៃ              មាក់ងាយប្ដីណា ។

      ហៅស្រីឥត​លក្ខណា                 ឥតមានកិរិយា            មារយាទពុំសម ។

      ធ្វើការផងណាប្រើខំ                  ទោះត្បាញចាក់ដំ        នាងខំឱ្យហើយ ។

២៥- កុំទុកទៅមុខទៀតឡើយ            ថាចាំបង្ហើយ              កម្រណាស់ណា ។

      ទោះធ្វើហូលគោមព្រែផ្កា             ដាក់ត្បាញហើយណា   បានស្រេចសឹមធ្វើ ។

      ធ្វើឱ្យកើតកេរ្តិ៍ប្រសើរ                  ហើយកុំឱ្យដើរ            លេងផ្ទះគេណា ។

      ឱស្ងួនខ្លឹមខ្លួន​រក្សា                    នាងខំធ្វើការ              ទាន់ខ្លួនក្រមុំ ។

      មានប្ដីបានអ្វីជាខំ                     រវល់កូនយំ                កម្រចេះឆ្លៀត ។

៣០- ព្រួយចិត្តគំនិត​ចង្អៀត               មួយហើយមួយទៀត    យំទារតែឆី ។

      រឹងព្រួយទាំង​មួយទាំងពីរ             រកបានឱ្យឆី               ទើបបានបាត់មាត់ ។

      ទោះកាន់ការធ្វើឱ្យស្ទាត់              ហូលគោមគាតកាត់     អន្ទងត្បាញទៅ ។

      កុំទុកក្នុងស្មុគ​ស្មូញនៅ               ក្រែងដល់យូរទៅ         ខាតខូចអសារ ។

      ហៃកូនស្រីស្ងួន​មាតា                 ចូរចាំរក្សា                 កុំភ្លេចស្មារតី ។

៣៥- ចូររករៀនយក​ច្បាប់ស្រី             ឱ្យកោតខ្លាចប្ដី            គម្ដែងក្រឡា ។

      ធ្វើវត្តប្រតិបត្តិសោតណា             ឱ្យនាងរក្សា               ភ្នក់ភ្លើងទាំងបី .

      ឱ្យកាត់ឱ្យគង់​ប្រក្រតី                 សព្វថ្ងៃកុំបី                ភ្លេចផ្លុំឱ្យឆេះ ។

      ក្រែងរាលដួលដាលព្រាយប្រេះ      កើតក្ដៅរលេះ             រលាយអស់អង្គ ។

      ភ្លើងក្រៅកុំនាំទៅក្នុង                 ឱ្យឆេះបំផ្លុង              រឹងផ្លុំបង្កាត់ ។

៤០- ភ្លើងក្នុងមិនប្រុងប្រយត្ន             នាំមកបង្កាត់              ឱ្យឆេះឯក្រៅ ។

      អុជអាលបណ្ដាលឱ្យក្ដៅ​             ដាលដល់កូនចៅ        អសោចអប្រីយ៍ ។

      ឱ្យនាងខំប្រឹង​ស្មារតី                  មើលភ្លើងទាំងបី         រក្សាឱ្យគង់ ។

      ភ្លើងនោះឱ្យគុណពុំលង់              នឹងឱ្យឧត្ដុង               ឧត្ដមកន្លង ។

      កើតយសរបស់​ទ្រព្យផង             បរិបូរឥតហ្មង             ប្រសើរក្ដាត់ណា ។

៤៥- ភ្លើងមួយនោះឱ្យ​រក្សា                គឺគុណមាតា              បិតាស្ងួនគ្រង ។

      ឱ្យនាងធ្វើដោយ​គន្លង                ប្រណិប័តន៍កុំ​ឆ្គង        នឹងម្ដាយឪពុក ។

      ឱ្យខំថែទាំ​ញ៉ិកញ៉ក់                   ចំណីចំណុក             ចំណង់អាត្មា ។

      កុំឃ្លានទុកឆី​ឡើយណា              ឆ្ងាញ់ឈ្ងុយពិសា         ជូនជាប្រក្រតី ។

      ពាក្យពេចន៍ការ​កិច្ចអ្វីៗ               អត់ឱនកុំបី                ឱ្យ​អាក់ចិន្ដា ។

៥០- ភ្លើងមួយគម្ដែង​ក្រឡា               គឺប្ដីអាត្មា                  ឋិនថេររួមរក្ស .

      ឱ្យនាងប្រណិប័តន៍ជឿជាក់          កុំធ្វើឱ្យអាក់               ឱ្យអន់ចិត្តប្ដី ។

      អត់ឱនខ្លាច​ខ្លួនជា​ស្រី                កុំឱ្យស្រដី                 ទុកគេជាស្មើ ។

      ទោះកើតហេតុភេទ​សារពើ           ពាក្យពុំប្រសើរ            ជញ្ជឹងចាំស្ដាប់ ។

      ទោះប្ដីស្រដីពុំ​គាប់                    ពុំគួរឱ្យប្រាប់              បានដឹងដល់ម្ដាយ ។

៥៥- កើតខឹងរែងរឹង​ខ្ចរខ្ចាយ              ឮពាក្យពីម្ដាយ            ខ្សឹបខ្សៀវប្រាប់​ប្ដី ។

      មិនក្សាន្តបែកបាន​ពីប្ដី                កើតជាសម្ដី               សួរចុះសួរឡើង ។

      ពុំស្ងាត់ស្ងៀម​មាត់ចចើង             ជជែកនាំឡើង            ចចើងមិនបាត់ ។

      តតាំងពាក្យខ្លាំងមិនស្ងាត់            មិនស្ងៀមឱ្យបាត់        ឱ្យបានទីសុខ ។

      ជជែកស្ទើរបែក​ទាំងស្រុក            មិនមានហៅសុខ        យូរលង់ឡើយនៃ ។

៦០- នេះហៅភ្លក់ភ្លើង​ទាំងបី              ម្ដាយផ្ដាំកូនស្រី           ឱ្យខំរក្សា ។

      នាងអើយគម្ដែង​ក្រឡា               ខុសឆ្គងម្ដេចម្ដា          ម្ដាយផ្ដាំកូនស្រី ។

      ឱ្យអត់សង្កត់​ហឫទ័យ                កូនកុំស្រដី ដើមប្ដីកំបាំង ។

      កុំជេរកុំចេញជា​ខ្មា៓ង                  ខ្សត់ខ្សោយខ្លៅខ្លាំង     នាងកុំមើលងាយ ។

      ល្ងង់ខ្សោយប្រើឱ្យ​និយាយ           ណែនាំលេងលាយ      ឱ្យស្រួលវាចា ។

៦៥- ទោះប្ដីស្រដី​ម្ដេចម្ដា                  ខេខឹងជេរថា              បោះពាក្យទម្ងន់ ។

      ក្រោធក្រេវឆុរឆេវមិនអន់             មិនអាក់ស្រោក​ស្រន់    ដោយចិត្តគ្នាន់​ក្នាញ់ ។

      រអ៊ូរទាំទន្ទេញ                          ជេរថាជន្លេញ             ត្បិតទាស់នឹង​ចិត្ត ។

      ឱ្យកូនស្រីស្ងួនខំ​អត់                  ឱ្យបានរលត់              រលាយកំហឹង ។

      កុំកូនកាន់ខ្លួនប្រែ​ប្រឹង                តតបទៅនឹង              អ្នកជាស្វាមី ។

៧០- ខេខឹងក្រញឹង​សម្ដី​                   មិនគិតខ្លួនស្រី           ស្រដីទ្រគោះ ។

      ប្រកែកស្ដីពាក្យ​គំរោះ                 គំរាមបញ្ជោះ              បញ្ជោរឱ្យខឹង ។

      រឹងរូសមើលមុខ​សម្លឹង                សម្លក់ទៅរឹង              ចចើងចង់ឈ្លោះ ។

      រឹងឆ្លងឆ្លើយ​ពាក្យបញ្ជោះ             បំបែកជាឈ្លោះ          បំបែរពុំទៀង ។

      ជេរថាឆ្កែឆ្មា​បំព្រៀង                   ដៀលត្មះបញ្ឆៀង        បញ្ឈឺចិត្តប្ដី ។

៧៥- បោះបោកប្រទះអ្វីៗ                  ចាប់ចោលទៅដី          បែកបាក់ពុំគិត ។

      មិនស្រួលទទួល​បាត់មាត់            ម្នះម្នេញក្នុងចិត្ត          ឱ្យបានប្ដីចាញ់ ។

      ទើបបានសុខចិត្តជាវិញ              ហៅស្រីម្នះម្នេញ         អាប់កេរ្តិ៍យស​ឆ្ងាយ ។

      ហៃកូនស្រីស្ងួន​មាសម្ដាយ           ខុសណាស់នាងអាយ   កុំធ្វើដូចគេ ។

      ទោះបីបើប្ដីនាង​ជេរ                   នាងចូរទៅឯ              ដំណេកគិតសិន ។

៨០- ចេញមកនាងយក​ពាក្យទន់         ស្រដីឱ្យអន់               ស្រាយទោសនោះទៅ ។

      ទោះបីបើប្ដី​ប្រដៅ                     ចូរនាងចាំនៅ             ទុកក្នុងអាត្មា ។

      ពាក្យពេចន៍កុំ​ភ្លេចឡើយណា        ក្រែងឆ្គងម្ដេចម្ដា         ត្បិតបានផ្ដាំ​ស្រាប់ ។

      ព្រោះឯងមិនក្រែងមិនសាប់         ពាក្យគេបង្គាប់            បង្កើតតែឈ្លោះ ។

      ឥតសុខអាក្រក់តែ​ឈ្មោះ             ឮគេប្រឈ្លោះ             មិនចេះហៅល្ហែ ។

៨៥- នេះពុំរាប់ជាស្រីទេ                    ជាអ្នកប៉ោឡែ             ចិត្តចោរដកទង ។

      ឱ្យមាត់បង្គ្របប្ដី​ផង                   ឱ្យគេស្ដាប់ហោង         ថាឯងគ្រាន់បើ ។

      គឺមោះនាងនោះមិន​ប្រើ               មិនបើកឱ្យដើរ            បញ្ចើឱ្យទេ ។

      ទោះបីប្ដីប្រើ​មាសមេ                  កុំកូនចំអែ                 ចំអៀកមិនទៅ ។

      ឆ្ងាយជិតកុំគិត​រង់នៅ                 ក្រោកក្រេសដើរទៅ      កុំឱ្យប្ដីជេរ ។

៩០- កុំទៅនៅយូរផ្ទះ​គេ                    រវល់ទំនេរ                 រវៀសមកណា ។

      ហៃកូនខ្លឹមខ្លួន​មាតា                  ជាស្រីនេះណា           កម្រណាស់នាង ។

      មិនថាត្បិតល្អ​រូបរាង                  មិនរើសត្បិតជាង        ចេះការទាំងគ្រប់ ។

      មិនបានស្គាល់ទី​គោរព               ស្គាល់តែឧបទ្រព        ទាំងដប់ប្រការ ។

      ហៅតែនឹងល្អ​រូបា                      ពិតហើយចេះការ        គួរកោតដោយយ៉ាង ។

៩៥- មួយរូបល្អស​សន្លាង                  ឥតគេផ្ទឹមខាង           ច្បាប់ផងមិនចេះ ។

      ល្អពិតគំនិតមិនផេះ                   ទោះខ្មៅក្រងេះ           ការសោតសមគួរ ។

      គឺមោះនាងនោះមិនជួ                 ចេះដឹងសមគួរ           ស្គាល់អស់ឥរិយា ។

      នេះឯងពីព្រេងលោកថា              ហៅល្អរូបា                កបកល្យាណី ។

      ហៃកូនស្រីស្ងួន​ពិសី                  ម្ដាយប្រាប់អំពី            ឧបទ្រពចង្រៃ ។

១០០- កាន់ក្បាលប្ដី​ហើយរកចៃ          មិនបានលើកដៃ         បិទទូលសំពះ ។

      លោកទុកស្មើកុក​ទំផ្ទះ                រង្គំរង្គះ                     នឹងបង់អស់ទ្រព្យ ។

      កន្លងជើងប្ដីពុំ​គាប់                    ព្រោះចិត្តចង់ឆាប់        រំលងជើងប្ដី ។

      ស្មើសត្វលលកស៊ីខ្មោចខ្មី            ហើយច្រាល​អប្រីយ៍     កើតព្យាធិរោគា ។

      ចង្រៃមួយនៃ​រាល់គ្នា                   ចេញចូលមាត់ទ្វារ       ពុំបានបិទបាំង ។

១០៥- ធ្វេសប្រាណខុសខានមិនរាំង    មិនរុញបំបាំង             មើលយល់សាយ​សុស ។

      ទុកស្មើគេ​អុជចន្លុះ                    ឱ្យចោរចូលផ្ទះ           យកទ្រព្យទាំងឡាយ ។

      ស្រីមួយសើច​លេង​ក្អាកក្អាយ        ឮលេខចម្ងាយ            រំលងផ្ទះបី ។

      ស្មើសត្វចចាត​បក្សី                   ចូលភូមិផងក្ដី            ចង្រៃក្ដាត់ណា ។

      ស្រីមួយដេកដាក់កាយា              ប្រះប្រែអាត្មា              ឱ្យខ្នងទៅប្ដី ។

១១០- ទុកស្មើពស់​ក្រាយ​អប្រីយ៍         ឡើងផ្ទះឥតបី            ឥតបើគណនា ។

      ចង្រៃកាចក្រៃ​ពុំជា                     នឹងព្រាត់ប្រាស​គ្នា       ពុំបានវែងឆ្ងាយ ។

      ស្រីមួយសក់​វែង​អន្លាយ              រំសុសរំសាយ             សក់សោតរេរា ។

      នៅមាត់​អណ្ដូង​មាត់​ទ្វារ              បីដូចមជ្ជរា                ឆ្មាលាក់ក្រចក ។

      ចង្រៃឥតបី​បើ​រក                       រេរាសំកក                 មិនចុកសក់ងាយ ។

១១៥- ស្រីមួយដើរទៅទាត់ជាយ         ឮលាន់ស្ទើរធ្លាយ         ប្រថពីសន្ធឹក ។

      សំពត់ដាច់​ដាច​មិននឹក               ដើរឮគគឹក                ស្មើសូររន្ទះ ។

      ញ៉ាំញ៉ើ​ដំណើរ​រលះ                   ដាក់ជើងលើផ្ទះ          គគ្រាំគគ្រេង ។

      កក្រើកផ្ទះ​ទាំង​បីល្វែង                ដូចកលគេសែង         របស់ចេញទៅ ។

      ស្រីមួយ​ឃើញ​ទ្រព្យ​នៅផ្លូវ           កន្លងហួសទៅ            មិនចាប់ចេញទុក ។

១២០- ពុំចេរចំណេរ​ទៅមុខ               ពុំចេះដាក់ទុក            រាយរាល់តែល្វែង ។

      ទ្រព្យនោះរលោះ​ចេញឯង            ចង្រៃទាស់ទែង           ធ្វើឱ្យអន្តរាយ ។

      ទោះឆីចំណីនូវបាយ                  លបលូកកកាយ         ពមពុំសណ្ដាប់ ។

      កូនអើយនេះហើយចូរស្ដាប់          ហៅក្ដីឧបទ្រព            ទាំងដប់ប្រការ ។

      ឱ្យចៀសអស់​ទាំង​នេះណា           ឱ្យរៀនលក្ខណា          ទាំងប្រាំពីរផង ។

១២៥- គឺព្រះមាន​បុណ្យ​កន្លង            ទេសនាចែងចង ជាបទគាថា ។

      មួយមាតុមួយមិត្ត​ភរិយា              ភាតុភរិយាជា             ទាសភរិយាផង ។

      ទាំងបួនប្រសើរ​ឥត​ហ្មង              គួរឱ្យចាំចង               ទុកក្នុងអង្គា ។

      រីឯហៅមាតុភរិយា                     ប្រពន្ធនោះជា            លោកទុកស្មើម្ដាយ ។

      ចរិតបីប្រការក្នុង​កាយ                មួយចង់ខ្វល់​ខ្វាយ       ប្រយោជន៍ឱ្យប្ដី ។

១៣០- បានថ្កើងរុងរឿងឮ​ល្បី             មិនឱ្យអាប់ប្ដី              ឱ្យបានសក្តិយស ។

      មួយបើប្ដីស្លៀក​ពាក់ចាស់            យកថ្មីឱ្យផ្លាស់            ចាស់ស្លៀកខ្លួនឯង ។

      ចេះរៀបរណ្ដាប់​តាក់តែង             ចំណីផងស្វែង           រកមកឱ្យប្ដី ។

      មួយបើប្ដីឈឺ​ថ្កាត់អ្វី                   ព្រួយប្រឹងមើលប្ដី        រកថ្នាំសង្កូវ ។

      រកពេទ្យមេមត់នូវ​គ្រូ                  គ្រោះយាមគន់គូរ        មើលប្ដីឱ្យជា ។

១៣៥- រីឯហៅភាតុភរិយា                 ប្រសើរសោភា            ប្រពន្ធស្មើបង ។

      នោះមានចរិតពីរ​ផង                  ដូចប្អូននិងបង           ចិត្តមូលមួយ​ប្រាណ ។

      មួយធ្វើឱ្យប្ដីក្សេមក្សាន្ត               របស់ប្ដីបាន               ចេះទុករក្សា ។

      មួយទោះឮពាក្យ​អ្នកណា             គេតិះដៀលថា           ស្រដីពីប្ដី ។

      ពុំត្រូវអាស្រូវ​អប្រីយ៍                   ចេះការកេរ្តិ៍ប្ដី              បែរបានជាសុខ ។

១៤០- ទោះបីបើប្ដីមាន​ទុក្ខ                គិតឱ្យបានសុខ          យកខ្លួនធានា ។

      មួយសោតឯមិត្ត​ភរិយា               មានចរិតជា               បីប្រការមិញ ។

      បីដូចកលមិត្ត​សម្លាញ់                មានចិត្តអស់អញ        មិនឱ្យមានហ្មង ។

      បីដូចកលប្អូន​និងបង                 ប្រាសយូរលង់​ហោង    ទើបមកជួបគ្នា ។

      មានចិត្ត​ប្រតិព័ទ្ធ​មហិមា              ត្បិតបានជួបគ្នា          មិនឱ្យមានហ្មង ។

១៤៥- មួយមានមារយាទ​កន្លង           ទោះឃើញប្រុសផង     មិនល្អៀងចិត្តទៅ ។

      រីទាសភរិយា​នោះកូវ                  ក្នុងមាត្រាត្រូវ             ប្រពន្ធខ្ញុំប្ដី ។

      ចរិតប្រាំបី​ប្រការខ្មី                     មួយចិត្តខ្លាចប្ដី           ក្រែងប្ដីវាយជេរ ។

      ប្រុងចិត្តការគិតខ្មាសគេ              មិនឱ្យប្ដីជេរ               បន្ទោសខ្លួនបាន ។

      ទោះខឹងប្ដីក្រៃ​ប៉ុន្មាន                  មិនចេះហៅហាន        ឆ្លើយឈ្លោះតមាត់ ។

១៥០- មួយទោះប្ដីនោះ​កាចក្ដាត់         ខឹងដល់វាយវាត់          ជេរចោរដកទង ។

      មិនហ៊ានឆ្លើយ​ឈ្លោះ​រំលង           តតបទៅផង              ក្រែងឮកេរ្តិ៍ឆ្ងាយ ។

      មួយចេះប្រដាប់​រៀប​បាយ            ប្ដីដើរជិតឆ្ងាយ            មិនហ៊ានបរិភោគ ។

      អត់ចាំទម្រាំប្ដី​មក                     ជួបជុំទើបយក           បរិភោគផងគ្នា ។

      នេះឯងហៅទាស​ភរិយា              សម្ដេចភគវា              ទេសនាប្រោសប្រាប់ ។

១៥៥- បើអស់ស្រីណា​បានស្ដាប់         យកទុកជាច្បាប់         ក្នុងប្រាណសព្វថ្ងៃ ។

      លុះអស់អាយុ​ក្សិណក្ស័យ            បានទៅកើតឰ            តុសិតសួគ៌នាយ ។

      នឹងបាន​ក្សេមក្សាន្ត​ពណ្ណរាយ        សេពសុខសប្បាយ      និរទុក្ខកាយា ។

      រីឯប្រពន្ធពុំជា                          ពេជ្ឈឃាតភរិយា         ចរិតមានបួន ។

      កុំឱ្យយកទុក្ខក្នុងខ្លួន                  ឱ្យចៀសចេញចួន       កើតកម្មវេរា ។

១៦០- មួយចិត្តគំនិតចង់ជា               ឆ្លាស់ឆ្លើយបំពារ          បំពានឱ្យប្ដី ។

      ប្រទូស្តរឹងរូសខ្ញូវខ្ញី                     មិនចេះចាញ់ប្ដី           ថាឯងគ្រាន់បើ ។

      ឆ្លើយឆ្លងសួរសងបណ្ដើរ             ចង់ឈ្លោះឱ្យស្មើ         ឱ្យលើសប្ដីវិញ ។

      មួយមិនចង់ធ្វើបំពេញ                បង្គាប់ប្ដីវិញ               ឱ្យថ្កើងខ្លួនឯង ។

      អាងចេះដៀលតិះពុំក្រែង            ឱ្យប្ដីស្ដាប់ឯង             ដោយចិត្ត​អន្ធពាល ។

១៦៥- មួយមានចិត្តនោះស្រើបស្រាល  ចង់ត្រេកត្រអាល        ចោរពេញមុខប្ដី ។

      មួយចិត្ត​ទ្រឹស្ដិ​ទ្រុស្ដ​អប្រីយ៍           ចង់សម្លាប់ប្ដី              ស្រឡាញ់ប្រុស​ទៀត ។

      គិតកាប់​សម្លាប់​បង់ម្សៀត            នឹងយកប្រុសទៀត      ធ្វើប្ដីមរណា ។

      រីឯសត្រូវ​ភរិយា                        ចរិតពុំជា                  ប្រាំពីរប្រការ ។

      មួយមិនខ្លាច​ប្ដីអាត្មា                  បង្គាប់ត្រង់ណា          ពុំធ្វើតាមចិត្ត ។

១៧០- មួយទ្រឹង​ទ្រមឹង​ស្ងៀមស្ងាត់ ប្ដ   សួរបីម៉ាត់                 ពុំស្រដីផង ។

      មួយប្ដីស្រដី​គន្លង                     ប្រដៅច្បាប់ផង           ពុំចូលចិត្តស្ដាប់ ។

      មួយមិនចង់​ឱ្យ​ប្ដីគាប់                 មិនចង់ប្រដាប់           ឱ្យប្ដីថ្កុំថ្កើង ។

      មួយទោះនឹង​ស្រដីឡើង              ពាក្យធំចចើង​             ចចេសនឹងប្ដី ។

      មួយទោះប្ដី​លោះខ្ញុំស្រី                វាបម្រើប្ដី                  មិនឱ្យអាក់អន់ ។

១៧៥- ឃើញគាប់រីង​ស្អប់​ក្នាញ់គ្នាន់     ក្នុងចិត្តប្រចណ្ឌ          ជេរថានាយអាយ ។

      មួយត្បិតប្ដី​មាន​សាហាយ            ហួរហែកសុសសាយ    ឱ្យប្ដីអាស្រូវ ។

      រីចោរភរិយា​នោះកូវ                    ចរិតពុំត្រូវ                 មានបីប្រការ ។

      មួយចង់ចាយ​ទ្រព្យ​ប្ដី​ណា            ឱ្យខូចអសារ              មិនគង់ជាល្អ ។

      មួយប្ដីឃ្មាត​ខ្មីខំរក៍                    របស់បានមក៍             មិនថែទាំទុក ។

១៨០- លួចឱ្យទៅ​ម្ដាយឪពុក             ប្ដីសួររកមុខ               មិនប្រាប់ឡើយណា ។

      មួយខ្ជិលមិនចង់ធ្វើការ               កុហកមុសា               ថាឯងរវល់ ។

      ដេកលេងចំខែង​អស់កល            លុះប្ដីគេយល់            ពុតធ្វើជាឈឺ ។

      ទទូរដេកថ្ងូរ​ហ៊ឺៗ                       ប្ដីហៅមិនឮ               ពុតចង់តែស្លាប់ ។

      នេះហៅប្រពន្ធ​ពុំគាប់                 ស្រីណាកាន់ខ្ជាប់        ពុំដែលរសាយ ។

១៨៥- លុះអស់អាយុក្ស័យក្លាយ          ធ្លាក់ទៅអបាយ           ទាំងបួនចំពូក ។

      តែងនឹងរងទុក្ខរងសោក              រំដោះរួចមក               កើតជាមនុស្សខ្ទើយ ។

      ហេតុអកុសលនេះហើយ             ត្បិតខ្លួនឥតត្រើយ       ធ្វើខុសគន្លង ។

      ខុសវត្តប្រតិបត្តិឆ្គាំឆ្គង                មិនរៀងមិនរង            ខុសនឹងច្បាប់ស្រី ។

      មាក់ងាយនោះមានប្រាំបី             មានក្នុងបាលី             ព្រះធម៌លោកថា ។

១៩០- មាក់ងាយមួយនោះឯងណា      ត្បិតប្ដីពិការ               មិនបានមួនមាំ ។

      ខឹងស្អប់ធុញថប់មិនទ្រាំ              មិនមានរកថ្នាំ             គ្រូគ្រោះមេមត់ ។

      មើលប្ដីឱ្យជាឆាប់ឆុត                 ខឹងវិញមិនអត់           បន់ឱ្យប្ដីស្លាប់ ។

      មាក់ងាយមួយប្ដីខ្សត់ទ្រព្យ           គ្មានកេរកោះគាប់        ស្មើនឹងអាត្មា ។

      ដៀលត្មះថាច្រាសដោយសារ        ព្រោះខ្ជិលធ្វើការ         ទើបគ្មានរបស់ ។

១៩៥- មាក់ងាយត្បិតប្ដីអាប់យស        ឯងត្រកូលខ្ពស់          ពូជពង្សពុំស្មើ ។

      ឆ្មើងខ្លួនឱ្យប្ដីបម្រើ                    ឈ្លោះឡើងហើយដើរ   ដៀលត្មះពូជពង្ស ។

      មាក់ងាយមួយត្បិតប្ដីល្ងង់            ខ្លៅខ្លួនទ្រមង់             ទ្រមក់យឺតយូរ ។

      ដៀលត្មះពុំចេះអាសូរ                 សម្ដីខ្មោះខ្មួរ               មិនក្រែងប៉ុនសក់ ។

      មាក់ងាយមួយប្ដីអាក្រក់              សាច់ខ្មៅប៉ប៉ក់            មុខអុតស៊ីសុស ។

២០០- កន្ទ្រលរាងរលក្រអុះ               សក់ស្កាញស្កូវសុស     ពោះធំប៉ុនពាង ។

      ខ្លួនឯងចិញ្ចែងរូបរាង                 ខ្លួនសល្អជាង             ថាប្ដីមិនសម ។

      មាក់ងាយមួយប្ដីមិនខំ                ធ្វើការលេលាំ             ឡែឡដើរលេង ។

      ឆ្លៀតឆ្លើយបោះពាក្យគគ្រេង         ឈ្លោះជេរមិនឈ្វេង     គិតខុសមាត្រា ។

      មាក់ងាយមួយប្ដីផឹកស្រា             ស្រវឹងចោលការ          ដើរលេងតែតោ ។

២០៥- ពាក្យក្អេងរាំច្រៀងឡោៗ          ឱ្យឆ្កែព្រុសឆោ            ផ្អើលភ្ញាក់កូនចៅ។

      ឮមាត់ប្ដីហើយ​ខឹងក្ដៅ                ប្រទេចជេរទៅ            តាមដោយចិត្ត​ក្នាញ់ ។

      មាក់ងាយមួយ​ទៀត​នោះ​មិញ       ត្បិតប្ដីស្រឡាញ់          លលូកប្រឡែង ។

      មួលបិចចាក់ចុច​ជាល្បែង            មិនមានកោតក្រែង      បានចិត្តជេរវិញ ។

      ត្បិតតែយល់គេ​ស្រឡាញ់            ស្រដីផងមិញ             គំរោះគំរើយ ។

២១០- ធ្វើក្នាញ់បែរ​ចេញ​ព្រងើយ         គេនឹងកន្តើយ             ក្និចក្នក់មាយា ។

      ពុំបានក្សេមក្សាន្ត​នឹងគ្នា              មាក់ងាយនេះជា         គម្រប់ប្រាំពីរ ។

      កូនអើយនេះហើយ​ច្បាប់ស្រី         ឱ្យកូនពិសី                រករៀនរក្សា ។

      យកទុកក្នុងអង្គ​អាត្មា                 ប្រសើរក្ដាត់ណា          កើតសុខសួស្ដី ។

      ប្រសើរទាំងនា​លោកិយ              ទោះបរលោកក្ដី          សឹងលុះប្រាថ្នា ។

      ទោះចិត្តគន់គិត​សច្ចា                 ជាពុទ្ធមាតា               សឹងបានបរិបូរណ៍ ។

២១៥- ដូចចិត្តឆុតឆាប់ពុំយូរ              កបកើតសម្បូរ            សម្បត្តិទ្រព្យផង ។

      កើតយសខ្ពង់ខ្ពស់​កន្លង              យឺនយូរឥតហ្មង         ដូចក្ដីប្រាថ្នា ។

      ច្បាប់នេះឧត្តម​ថ្លៃ​ថ្លា                  ទោះស្រីឯណា           ឮហើយមានភព្វ ។

      ជាល្អកម្របាន​ស្ដាប់                  ស្ដាប់ហើយចូរ​ចាប់      ចូរចាំគ្រប់គ្នា ។

      បានដល់មគ្គផល​សួគ៌ា               ប្រសើរសោភា            ចូរចាំកុំភ្លេច ។

២២០- ចរចាអស់អាថ៌​ពាក្យពេចន៍       ពាក្យពិតកាព្យ​កិច្ច       បរិបូរណ៍ប្រពៃ ។

      ប្រាជ្ញាប្រែរីឯ​នាម​នៃ                   ខ្ញុំឈ្មោះម៉ឺន មៃ          មែនមានសទ្ធា ។

      មានចិត្តកួចគិត​កាព្យា                កបកើតជ្រះថ្លា           ត្រេកត្រង់កុសល ។

      សច្ចាប្រាថ្នា​មគ្គផល                  ផុរផុសយោបល់          លេចលើកទុកនៅ ។

      ទោះបីសេចក្ដីខុស​ត្រូវ                សូមទានតម្រូវ            តម្រង់ឱ្យផង ។

២២៥- កុំត្មះតិះដៀលឡើយហោង       សូមសាងផលផង       ទុកតសាសនា ។

      សម្រាប់ជាច្បាប់​មាត្រា               សូរេចបការា              បរិបូរណ៍ចែងចប់ ៕៚


Powered by Blogger.