លោកស្រីយីងឡាក់ រត់ទៅកាន់ក្រុងឌូបៃ
ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៨:០០ (27-08-2017 18:00)
ប្រទេសថៃ ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានរត់ភៀសខ្លួនចេញពីប្រទេសទៅដល់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួមហើយ ។ នេះជាការប្រកាសកាលពីថ្ងៃទី២៦ សីហា របស់បណ្តាមេដឹកនាំនៃគណបក្សលោកស្រី ក្រោយពីលោកស្រីអវត្តមានក្នុងពេលត្រូវប្រកាសសាលដីកាកាត់ទោសលោកស្រីកាលពីថ្ងៃទី២៥ សីហា ។
ក្នុងផ្ទៃគណបក្សភឿថៃ គេបានគូសបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីរូបនេះបានចាកចេញពីថៃកាលពីសប្តាហ៍មុន ហើយធ្វើដំណើរទៅឌូបៃចេញពីសិង្ហបុរី ។ បងប្រុសលោកស្រី លោកថាក់ ស៊ីន ស៊ីណាវ៉ាត្រា ក៏៏ជាអតីតនាយករដ្ឋមន្ត្រីថៃដែរ បាននិរទេសខ្លួនក្នុងឆ្នាំ២០០៨ ដើម្បីគេចពីការកាត់ទោសដាក់គុកលោក២ឆ្នាំពីបទពុករលួយ ។ លោកមានផ្ទះមួយនៅក្រុងឌូបៃ ។
មេដឹកនាំគណបក្សភឿថៃមួយរូបមិនបញ្ចេញឈ្មោះនិយាយថា យើងឮគេនិយាយថា លោកស្រីយីងឡាក់ ទៅកាន់កម្ពុជា ហើយបន្ទាប់មកទៅកាន់សិង្ហបុរី ហើយចាកចេញពីទីនោះទៅកាន់ឌូបៃ ។ លោកស្រីទៅដល់ទីនោះដោយគ្មានបញ្ហា ។
លោកស្រីយីងឡាក់ ពុំបង្ហាញខ្លួនឡើយនាថ្ងៃទី២៥ សីហា ក្នុងតុលាការកំពូលនាឱកាសប្រកាសសាលដីកាពីការកាត់ទោសលោកស្រីពីបទធ្វេសប្រហែសទាក់ទិននយោបាយទិញស្រូវរបស់រដ្ឋាភិបាលលោកស្រី ។ លោកស្រីអាចមានទោសជាប់គុក១០ឆ្នាំពីការចោទប្រកាន់នេះ ។ អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់លោកស្រីនាថ្ងៃទី២៥ សីហា នោះត្រូវកាត់ទោសដាក់គុកដល់៤២ឆ្នាំ ៕
