Header Ads

ពលរដ្ឋ​ភ័យ​ខ្លាច​រត់​ភៀសខ្លួន​

ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៧:០០   (27-08-2017 17:00)
ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ពលរដ្ឋ​ស៊ី​វិល​ដែល​មានការ​ភ័យ​ខ្លាច​កាលពី​ថ្ងៃ​ទី​២៦ សីហា ប៉ុនប៉ង​រត់​ភៀសខ្លួន​ចេញពី​ភូមិ​ដាច់​ស្រយាល​ទាំងឡាយ​នា​ភាគ​ខាងលិច​មី​យ៉ា​ន់​ម៉ា ដែល​នៅ​ទីនោះ​ការ​ប្រយុទ្ធ​គ្នា​នានា​រវាង​កងកម្លាំង​សន្តិសុខ និង​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា បណ្តាល​ឱ្យមនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់ ។ ពួក​គេ​នាំ​គ្នា​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស ។
ចាប់តាំងពី​ថ្ងៃ​ទី​២៥ សីហា មក​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ និង​ពួក​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៩២​នាក់ ក្នុង​នោះ​មាន​សមាជិក​កងកម្លាំង​សន្តិសុខ​១២​នាក់​។ ការ​ប្រើ​អំពើ​ហិង្សា​កើត​មាននៅ​រដ្ឋ​រ៉ា​ឃី​ន ដែល​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ កើត​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង រវាង​ពួក​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​អ៊ិ​ស្លា​ម និង​ពួក​ពុទ្ធសាសនិក ។
យោង​តាម​អាជ្ញាធរ​ថា នារី និង​កុមារ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា​២.០០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា កាលពី​ថ្ងៃ​ទី​២៦ សីហា នៅ​ព្រំដែន​ជាមួយ​បង់​ក្លា​ដែ​ស ក៏​ប៉ុន្តែ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ឡើយ ។
រសៀល​ថ្ងៃ​ទី​២៦ សីហា កងទ័ព​មី​យ៉ា​ន់​ម៉ា បាន​វាយប្រហារ​លើ​ភូមិ​ជា​ច្រើន​រយ ។ គេ​ឃើញ​បណ្តាជន​ស៊ី​វិលរ​ត់រក​ជម្រក​ពេល​កង​ទាហាន​បាញ់​នៅ​ជិត​ប៉ុស្តិ៍​ព្រំដែន GHUMDHUM ។ កង​ទាហាន​បាញ់កាំភ្លើង​ត្បាល់ និង​កាំភ្លើងយន្ត​ទៅ​កាន់​កូនភ្នំ​ទាំងឡាយ​ជិត​ព្រំដែន​បង់​ក្លា​ដែ​ស​ជា​កន្លែង​លាក់ខ្លួន​របស់​ពួក​ឧទ្ទាម​ជាមួយ​ជន​ស៊ី​វិល​ដែល​មាន​ភាគច្រើន ។ ជន​ស៊ី​វិល​ជា​ច្រើន​រយ​នាក់​បាន​ឆ្លងកាត់​ព្រំដែន​នា​ថ្ងៃ​ទី​២៦ សីហា ហើយ​មួយ​ចំនួន​ហែល​ឆ្លង​ទឹកស្ទឹង NAF នៅ ព្រំដែន ។
ការ​ប្រយុទ្ធ​គ្នា​នានា​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ សីហា ពេល​មនុស្ស​ច្រើន​រយ​នាក់​ជា​យុទ្ធ​ជន​ក្រុម​ឧទ្ទាម ARAKAN ROHINGYA SALVATION ARMY (ARSA) វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​ជាង​២០​កន្លែង​នៅ​រដ្ឋ​រ៉ា​ឃី​ន ។ នេះ​ជា​អំពើ​ហិង្សា​ខ្លាំងក្លា​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ៕

Powered by Blogger.