ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់ដោយសារតែ...
ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់ដោយសារតែ...
ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៤:១៧ (28-08-2017 14:17)
ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកប្រេងនឹងអ្នកជិះម៉ូតូបណ្តាលឱ្យប្រពន្ធស្លាប់បាត់បង់ជីវិត ប្តីរងរបួសធ្ងន់ រថយន្តក្រឡាប់ហៀរប្រេងធ្វើឱ្យអ្នករស់នៅជិតកន្លែងកើតហេតុភ័យព្រលឹងចុងសក់ខ្លាចកើតមានអគ្គិភ័យ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង០៥និង១៥នាទីតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ១២៨-១២៩ នៅចំណុចភូមិដំណាក់ស្មាច់ ឃុំវាល់ពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ភាគីម៉ូតូបើកបរដោយឈ្មោះ តូច ប្រុស ដឹកប្រពន្ធឈ្មោះ ពៅ រស់នៅភូមិស្នាមពុក ឃុំវាលពង់ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ កណ្ដាល ១L-៧៨២០ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបើកបររថយន្តដឹកប្រេងម៉ាសូត ពាក់ស្លាកលេខ 3B-1320 ។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបានប្រាប់ថា តាមការសាកសួរសាក្សីមុនពេលកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍នេះគេបានឃើញរថយន្ត និងម៉ូតូ ធ្វើដំណើរក្នុងទិសដៅស្របគ្នាពីលិចទៅកើត មកដល់ចំណុចកើតហេតុមានម៉ូតូជនរងគ្រោះដែលបើកបរដោយឈ្មោះ តូច ប្រុស ដឹកប្រពន្ធផងនោះបានបត់កាត់ពីមុខរថយន្តបណ្តាលឱ្យប៉ះកាងមុខ ។ ពេលនោះអ្នកបើកបររថយន្តបានទាញចង្កូតបើកគេចក៏បណ្តាលឱ្យក្រឡាប់តែម្ដង ។
ក្នុងហេតុការណ៍នោះធ្វើឱ្យប្រេងដែលនៅក្នុងស៊ីទែន(៣០០០០លីត្រ)ហៀរចេញមកក្រៅលើផ្លូវ ក្បែរផ្ទះប្រជាពលរដ្ឋនៅចំណុចកើតហេតុបានបង្កទៅជាអគ្គីភ័យឆាបឆេះនៅនឹងកន្លែងកើតហេតុខាងលើ ។ ក្នុងការអន្តរាគមន៍សមត្ថកិច្ចបានប្រើប្រាស់រថយន្តសង្គ្រោះពន្ល់ត់អគ្គិភ័យចំនួនសរុប៧គ្រឿង និងប្រើទឹកអស់ជាច្រើនឡានទើបគ្រប់គ្រងស្ថានការណ៍បាន ។ ដោយឡែកអ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់សមត្ថកិច្ចបានបញ្ជួនបន្ទាន់ទៅមន្ទីពេទ្យបង្អែកស្រុកឧដុង្គដោយក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះផងដែរ តែអកុសលប្រពន្ធបានស្លាប់ពេលបានបញ្ជួនទៅដល់មន្ទីពេទ្យ ៕
